ភ្នំពេញ៖ នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ប្រធានមជ្ឈមណ្ឌលឥស្លាមភ្នំពេញ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូ ទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគី (TIKA) ដឹកនាំដោយលោកជំទាវ AYDA UNLU ឯកអគ្គរដ្ឋទូតប្រទេសតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅមជ្ឍមណ្ឌលឥស្លាមភ្នំពេញ។
នៅក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានធ្វេីបទបង្ហាញដល់គណៈប្រតិភូពីប្រវត្តិនៃកំណកំណេីតទីតាំងមជ្ឈមណ្ឌលនេះ និងបានលើកពីគម្រោងផែនការមេសំខាន់ៗ ដើម្បីអភិវឌ្ឍន៍បរិវេណនេះ ផងដែរ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានលេីកឡេីងថា «ទីតាំងមជ្ឍមណ្ឌលឥស្លាមភ្នំពេញ មានព្រះវិហារឥស្លាមអាល់សារកាលបឹងកក់ភ្នំពេញស្រាប់ ហេីយនឹងត្រូវអភិវឌ្ឍបរិវេណនេះ អោយទទួលបានមកវិញនូវប្រភពសេដ្ឋកិច្ចសម្រាប់ទ្រទ្រង់ និងអភិវឌ្ឍន៍សហគមន៍ខ្មែរឥស្លាមកម្ពុជាលើវវិស័យមួយចំនួន ពិសេស ការផ្ដល់អាហារូបករណ៍ដល់សិស្ស និស្សិត កុមារកំព្រា ចាស់ជរា អ្នក ទីទាល់ក្រ។ល។»
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានស្នេី TIKA ពិនិត្យមេីលលទ្ធភាពក្នុងការជួយអភិវឌ្ឍទីតាំងនេះ ដើម្បីលើកស្ទួយសេដ្ឋកិច្ចសហគមន៍ខ្មែរឥស្លាម ក៏ដូចជារួមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍សង្គមជាតិទាំងមូល។
ជាកិច្ចឆ្លេីយតប ភាគី TIKA បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងនានា ហើយទទួលយកសំណេីររបស់ឯកឧត្តមទេសរដ្ឋមន្ត្រីទៅសិក្សា ដោយសន្យាថានឹងជួយសម្របសម្រួល ផ្តល់កិច្ចសហការជ្រោមជ្រែងលេីគម្រោងនេះ។
គួរជម្រាបផងដែរថា TIKA គឺជាទីភ្នាក់ងារជាតិរបស់សាធារណរដ្ឋតួកគី ត្រូវបានបង្កេីតឡេីងនៅឆ្នាំ ១៩៩២ ក្នុងគោលបំណងផ្តល់ជំនួយបច្ចេកទេសទៅដល់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម វប្បធម៌ បច្ចេកវិទ្យា អប់រំ និងការអភិវឌ្ឍសង្គម តាមរយៈការអភិវឌ្ឍគម្រោង និងកម្មវិធីនានា។
ទីភ្នាក់ងារ TIKA មានស្នាក់ការនៅ ៦០ ប្រទេស ធ្វេីសហប្រតិបត្តិការនៅ ជាង ១៥០ ប្រទេស ដែលមានសកម្មភាពចំបងលេីកិច្ចសហប្រតិបត្តិការបច្ចេកទេស សម្រាប់ការអភិវឌ្ឍស្ថាប័នធនធានមនុស្ស។ TIKA ក៏ផ្តល់ហិរញ្ញប្បទានដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជាប្រព័ន្ធធារាសាស្ត្រ អនាម័យ និង គម្រោងដឹកជញ្ជូន ព្រមទាំងសាងសង់ និង ជួសជុលសាលារៀន មន្ទីរ ពេទ្យ ស្ថាបត្យកម្ម និងផ្តល់ជំនួយផ្នែកមនុស្សធម៌ផងដែរ៕