ភ្នំពេញៈ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នៅឯមជ្ឈមណ្ឌលឥស្លាមភ្នំពេញ (PPIC) មានការជួបជុំទ្រង់ទ្រាយធំមួយពីសំណាក់ថ្នាក់ដឹកនាំជាខ្មែរឥស្លាម ដែលមាន ឯកឧត្ដម លោកជំទាវ ថ្នាក់សមាជិកព្រឹទ្ធសភា រដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សមាជិកក្រុមប្រឹក្សា ខេត្ត អភិបាលរងខេត្ត មេដឹកនាំ គណៈអុីម៉ាំ(មេគុណ) រាជធានី ខេត្ត ទាំង 25 និង គណៈអុីម៉ាំ(អនុគុណ) ក្រុង ស្រុក ខណ្ឌ ទាំង 57ទូទាំងព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំក្រោមប្រធានបទ «ការពង្រឹងកិច្ចការឥស្លាមកម្ពុជា» បានធ្វើឡើងរយៈពេលមួយថ្ងៃពេញ ក្រោមការអញ្ជើញជាគណៈអធិបតីដោយ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ឯកឧត្តម សុះ មុះសិន សមាជិករដ្ឋសភា និង លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា។
កិច្ចប្រជុំជជែកពិភាក្សាកិច្ចការឥស្លាមកម្ពុជា សំដៅពង្រឹងនូវភាពសុខដុមបនីយកម្មជាតិសាសន៍ និងសាសនា ក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកសាង រក្សា ការពារ សន្តិភាព សុខដុមបនីយកម្មនេះអស់រយៈពេលជាង ៣ទសវត្សកន្លងមកហើយ។ នេះបើយោងតាមការបញ្ជាក់ពី ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់។
បន្ទាប់ពីបានអញ្ជើញមានរបាយការណ៍ស្វាគមន៍ដោយ ឯកឧត្តម សុះ មុះសិន សមាជិកសភាជាតិ នៃកម្ពុជា និងជាអនុប្រធានមជ្ឈមណ្ឌលឥស្លាមភ្នំពេញ លោកឧកញ៉ា សុះ កំរ៉ី បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំជាគណៈអ៊ីម៉ាំ រាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ អោយបន្តការយកចិត្តទុកដាក់អោយកាន់តែប្រសើរឡើងថែមទៀត ក្នុងការកសាងសមិទ្ធផលនានាក្នុងសហគមន៍ ក្នុងមូលដ្ឋានរបស់ខ្លួន ហើយត្រូវដើរតួនាទីសំខាន់ ជាមេដឹកនាំល្អ មានភាពយុត្តិធម៌ ច្បាស់ការ ផ្តល់ភាពកក់ក្តៅជូនបរិស័ទរបស់ខ្លួន។ លោកឧកញ៉ា បានអំពាវនាវដល់គណៈអ៊ីម៉ាំគ្រប់លំដាប់ថ្នាក់ ត្រូវទប់ស្កាត់សកម្មភាពសមាគម អង្គការមួយចំនួន ដែលមានសកម្មភាពកសាងសមិទ្ធផលសាសនាផ្ទួនៗគ្នាក្នុងភូមិតែមួយ ជាពិសេសការកសាងវិហារ២ រឺ៣ក្នុងភូមិតែមួយ ដែលបណ្តាលអោយមានបញ្ហាបែកបាក់ជាក្រុមក្នុងសហគមន៍ ក្នុងភូមិតែមួយ ដែលអាចធ្វើអោយមានបញ្ហាស្មុគស្មាញ មានផលវិបាកក្នុងកិច្ចការសម្របសម្រួល គ្រប់គ្រង និងនាំការលំបាកដល់អជ្ញាធរផងដែរ។
ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំឥស្លាមកន្លងមក រហូតដល់បច្ចុប្បន្ន ដែលសម្រេចបាននូវផ្លែផ្កា សមិទ្ធផលនានាជាគុណប្រយោជន៍ជាច្រើន ជូនសហគមន៍របស់ខ្លួន ដែលពុំបង្កបាតុភាពណាមួយឈានដល់ការថ្នាំងថ្នាក់ ខកចិត្តដល់ថ្នាក់ដឹកនាំកំពូលរបស់ជាតិឡើយ។ ឯកឧត្តម បានជំរុញ និងលើកចិត្តអោយខំប្រឹងសហការគ្នា រួមគ្នាជាកម្លាំងចលករអោយកាន់តែរឹងមាំស្ថិតស្ថេរបន្តទៅមុខ ដើម្បីជាតិសាសន៍យើង និងសង្គមយើងទាំងអស់គ្នា។
ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំឥស្លាមគ្រប់លំដាប់ថ្នាក់ មានភារកិច្ចសហការគ្នាសម្របសម្រួល ពង្រឹងកិច្ចសហការល្អជាមួយអាជ្ញាធរ ដើម្បីគ្រប់គ្រង និងដោះស្រាយបញ្ហានានាក្នុងសហគមន៍ និងកសាងសាមគ្គីភាពផ្ទៃក្នុង បញ្ចៀសពីបញ្ហាបែកបាក់ បញ្ហាអសន្តិសុខ និងវិបត្តផ្សេងៗ និយាយរួម គឺការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបានរួមចំណែកក្នុងការកសាងសង្គមជាតិទាំងមូល ក្នុងនាមជាកូនខ្មែរ ដែលរួមរស់ក្រោមម្លប់ តេជោសន្តិភាព ជាមួយគ្នា៕