ថ្ងៃ​សុក្រ, ខែ​មីនា 14, 2025

នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តមណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានមជ្ឈមណ្ឌលឥស្លាមភ្នំពេញ និងជាសមាជិកឧត្តមក្រុមប្រឹក្សាអង្គការសម្ព័ន្ធពិភពលោកហៅកាត់ថា (RABITA) បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត មហាំម៉ាត់ អាប់ឌុលការីម អាល់អ៉ីសា (Muhammad Bin Abdulkarim Al-Issa) អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) នៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ (PPIC)។

នៅក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានជម្រាបជូនអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) ថា មជ្ឈមណ្ឌលឥស្លាមភ្នំពេញនេះ ជាភស្តុតាងមិនអាចកាត់ថ្លៃបានមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ឲ្យសហគមន៍មុស្លិមកម្ពុជា​គ្រប់គ្រង និងអភិវឌ្ឍន៍សម្រាប់បម្រើផលប្រយោជន៍សហគមន៍ឥស្លាមទាំងមូលនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្ដមទេសរដ្ឋមន្ដ្រីបន្ថែមថា នៅមុនឆ្នាំ ១៩៧៩ ដោយសារតែសង្គ្រាម តំបន់នេះមិនមានការអភិវឌ្ឍន៍នោះទេ ហេីយថែមទាំងបានក្លាយជាបន្ទាយទាហានទៀតផង​។ ប៉ុន្ដែនៅក្រោយឆ្នាំ ១៩៧៩ រដ្ឋាភិបាលកម្ពុជាបានប្រគល់តំបន់នេះជូនសហគមន៍ឥស្លាមដើម្បីគ្រប់គ្រង ក៏ដូចជាសម្រាប់បម្រើវិស័យសង្គមកិច្ច សាសនា អប់រំ និងវិស័យផ្សេងៗទៀត។

ឯកឧត្តមទេសរដ្ឋមន្ដ្រីបានបន្ថែមថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន សម្ដេចតែងតែ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​បងប្អូន​សាសនិក ឥស្លាម​នៅ​កម្ពុជា តាមរយៈ​ការធ្វើឱ្យមាន​សុខដុម​នីយកម្ម​ជាតិ​សាសន៍ និង​សាសនា និង​សេរីភាព​នៃ​ជំនឿ ព្រមទាំង​ការរស់នៅ ប្រកបដោយ​សុខដុមរមនា ជាមួយ​សហគមន៍ ភាគតិច​ដទៃៗ​ទៀត ដោយ​មិនមាន​ការរើសអើង​ឡើយ​។

ជាការឆ្លើយតប អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម ឯកឧត្តមបណ្ឌិត មហាំម៉ាត់ អាប់ឌុលការីមអាល់អ៉ីសា (Muhammad Bin Abdulkarim Al-Issa) បានសំដែងនូវសេចក្ដីរីករាយឥតឧប្បមា ដែលក្នុងពេលបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ដែលឯកឧត្តមត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុតពីឥស្សរជនជាន់ខ្ពស់នៅកម្ពុជា។ ឯកឧត្តមអគ្គលេខាបានបន្ថែមថា ឯកឧត្តមពិតជាមានសេចក្ដីរំភើបនៅពេលបានដឹង និងបានឃើញទីតាំងដ៏ស្អាត គឺមជ្ឍមណ្ឌលឥស្លាមភ្នំពេញ ត្រូវបានរដ្ឋាភិបាលកម្ពុជាប្រគល់ជូនសហគមន៍ឥសម្លាមនៅកម្ពុជា។

ឯកឧត្តមបានបន្ដថា ឯកឧត្តមក៏មានក្ដីសប្បាយរីករាយផងដែរ នៅពេលឃើញស្ថានភាពបងប្អូនខ្មែរឥស្លាមនៅកម្ពុជាទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរដ្ឋាភិបាលកម្ពុជា ដោយមិនមានការរើសអើងខាងសាសនា ដែលធ្វើឲ្យខ្មែរឥស្លាមអាចរស់នៅបានយ៉ាងសុខសាន្ត ជាមួយសាសនាដទៃទៀត។

ឯកឧត្តមបណ្ឌិត មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា បានសម្ដែងនូវការអបអរសាទរដល់បងប្អូនខ្មែរឥស្លាមកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ ដែលមានថ្នាក់ដឹកនាំជាទីគោរព ជាគំរូ និងមានភាពប្រាកដនិយម ក្នុងការដឹកនាំកម្ពុជា ឱ្យទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
ក្រោយពីបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ ឯកឧត្តម ក៏មានជំនួបពិភាក្សាការងារជាមួយ លោកឧកញ៉ា សុះ កំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនិកឥស្លាមកម្ពុជា។ ក្រៅពីនេះ ឯកឧត្តមអគ្គលេខាធិការ និងគណៈប្រតិភូ នឹងអញ្ជើញធ្វើទស្សនកិច្ចនៅវិមានឈ្នះឈ្នះ សារមន្ទីរជាតិ តំបន់សហគមន៍ខ្មែរឥស្លាម ព្រមទាំងមានកម្មវិធីផ្សេងៗជាច្រើន។

សូមជម្រាបជូនថា ឯកឧត្តម​បណ្ឌិត មហាំម៉ាត់ អាប់ឌុលការីមអាល់អ៉ីសា (Muhammad Bin Abdulkarim Al-Issa) ជាអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) និងជាអតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ប្រទេសអារ៉ាប៊ីសាអូឌីត បច្ចុប្បន្នជាទីប្រឹក្សាព្រះបរមរាជវាំងអារ៉ាប៊ីសាអូឌីត មានឋានៈស្មើរដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២២។

អង្គការសម្ព័ន្ធពិភពឥស្លាម RABITA ជាអង្គការដ៏ធំមួយ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦២ ដោយ ព្រះចៅ ហ្វៃសល អាល់សាអ៊ូឌ ជាសមាជិកសង្កេតការណ៍របស់ អង្គការសហប្រជាជាតិ (UN) ជាសមាជិកសង្កេតការរបស់ អង្គការសហប្រតិបត្តិការឥស្លាម (OIC) ដែលមានមានទីស្នាក់ការ នៅទីក្រុងម៉ាកាស់ (Makkah) ប្រទេសអារ៉ាប៊ីសាអូឌីត មានការិយាល័យរបស់ខ្លួនជាច្រើន ដែលគ្រប់ដណ្តប់ចំនួន៩៥ប្រទេស៕

ជ្រើសរើសភាសា

ហ្វេសប៊ុករបស់យើង