(ភ្នំពេញ)៖ ឯកឧត្តម ឧកញ៉ា បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រងមជ្ឈមណ្ឌលឥស្លាមភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធី ប្រកាសសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពគណៈកម្មការ អនុគណៈកម្មការ គណៈកម្មការគ្រប់គ្រងវិហារអាល់សារកាល់ និងក្រុមការងារចំណុះឱ្យមជ្ឈមណ្ឌលឥស្លាមភ្នំពេញ។
ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងជាអនុប្រធានគណៈកម្មការគ្រប់គ្រង មជ្ឈមណ្ឌលឥស្លាមភ្នំពេញ ឯកឧត្តម សុះ មុះសិន អនុប្រធានគណៈកម្មការគ្រប់គ្រងមជ្ឈមណ្ឌលឥស្លាមភ្នំពេញ ប្រធាន អនុប្រធាន សមាជិកសមាជិការ នៃអនុគណៈកម្មការទាំង៧ គណៈកម្មការផ្ដល់យោបល់ និងឥស្សរជនសំខាន់ៗជាច្រើនរូប ព្រមទាំងគណៈអ៊ីម៉ាំរាជធានីខេត្តទូទាំងប្រទេស។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានរៀបរាប់ពីប្រវត្តិរឿងរ៉ាវ នៃការកកើតទីដីវិហារ រួមជាមួយនិងវិហារអាល់សារកាល់នេះផ្ទាល់។ លោកថា លោកនឹងចងក្រងជាប្រវត្តិសាស្ត្រនូវប្រវត្តិរឿងរ៉ាវនេះ ឱ្យអ្នកជំនាន់ក្រោយបានដឹងនិងចងចាំ។ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រីបានបន្តថា ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ពីសម័យកាលមួយទៅសម័យកាលមួយ យើងពិតជាឆ្លងកាត់ការលំបាកច្រើនណាស់ ទម្រាំយើងទទួលបានអ្វីៗដូចសព្វថ្ងៃ។ សមិទ្ធផលទាំងអស់នេះ គឺជារបស់សហគមន៍យើង វាមិនមែនជារបស់អង្គការ ឬសមាគមណាមួយនោះទេ។ ឯកឧត្តមបណ្ឌិតបន្តទៀតថា អ្វីៗក៏អាចកើតឡើងបានដែរ ឲ្យតែយើងរួបរួមគ្នា សាមគ្គីគ្នាជាធ្លុងមួយឆ្ពោះទៅរកភាពរីកចម្រើន។
ឯកឧត្តមរដ្ឋមន្ត្រី ឈិត សុខុន បានសំដែងនូវមោទកភាព និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំឥស្លាមគ្រប់លំដាប់ថ្នាក់ នៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ជាពិសេសឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ដែលបានខិតខំដឹកនាំសហគមន៍ឥស្លាមកម្ពុជា បានយ៉ាងល្អប្រសើរ។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់លើកកំពស់ ចំពោះសហគមន៍ឥស្លាម ដោយបានផ្ដល់នូវគោលនយោបាយជាច្រើនជូនសហគមន៍ឥស្លាម បើទោះបីជាសាសនាឥស្លាមមិនមែនជាសាសនារបស់រដ្ឋ ក៏ប៉ុន្តែសហគមន៍ឥស្លាមមួយនេះ បានចូលរួមចំណែកជាច្រើនជាមួយរាជរដ្ឋាភិបាល រួមសុខរួមទុក្ខជាមួយគ្នាគ្រប់កាលៈទេសៈ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីប្រវត្តិដ៏ឈឺចាប់នៃអតីតកាលក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ដែលបានបំផ្លិចបំផ្លាញដល់ឫសគល់លើវិស័យសាសនាទាំងអស់ ក្នុងនោះក៏មានសាសនាឥស្លាមកងដែរ។ ក្រោយថ្ងៃជ័យជម្នះ ៧ មករា ក្រោមការដឹកនាំតស៊ូរបស់ សម្ដេចអគ្គមហាពោធិសាល ជា ស៊ីម សម្ដេចមហាពញាចក្រី ហេង សំរិន និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យសាសនាទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា មានជីវិតរស់ឡើងវិញ និងបានផ្ដល់នូវសិទ្ធិសេរីភាពខាងជំនឿសាសនា ដល់ប្រជាជនទាំងអស់ ដើម្បីគោរពប្រតិបត្តិតាមគោលលទ្ធិសាសនារៀងៗខ្លួន។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីជំងឺកូវីដ-19 ដែរថា ជំងឺនេះកំពុងតែរាតត្បាតខ្លាំងនៅលើសកលលោក តែកម្ពុជាយើងមានចំនួនអ្នកឆ្លងសរុបត្រឹមតែ ៣៦៦ នាក់ អ្នកជាសះស្បើយ ៣៦១ នាក់ នៅសល់តែ ០៥ នាក់ប៉ុណ្ណោះដែលកំពុងសម្រាកព្យាបាល (គិតត្រឹមថ្ងៃទី៣១ ខែធ្នូ នេះ)។ ឯកឧត្តមបន្ថែមទៀតថា បើទោះបីជាប្រទេសយើងមានការឆ្លងតិចយ៉ាងនេះក្តី ក៏យើងមិនត្រូវមើលស្រាលស្ថានការណ៍ជាដាច់ខាត ត្រូវតែគោរពអោយបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនូវជំងឺនេះ៕